3 ឯងនឹងទារពីអ្នកប្រទេសក្រៅបាន តែរបស់អ្វីផងឯងដែលនៅនឹងបងប្អូនឯង នោះត្រូវលើកលែងចោលចេញ
4 ប៉ុន្តែនឹងគ្មានអ្នកទ័លក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមក ឲ្យឯងចាប់យកជាមរដកនោះជាមិនខាន
5 គឺបើឯងគ្រាន់តែខំប្រឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះគ្រប់ជំពូកប៉ុណ្ណោះ
6 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ដូចជាទ្រង់បានសន្យាហើយ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីបាន ឥតមានខ្ចីពីគេវិញឡើយ ហើយឯងនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើឯងទេ។
7 តែបើសិនជាមានអ្នកទ័លក្រណា នៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ
8 គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទ័លក្រនោះចុះ
9 ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់ក្នុងចិត្តឯង ដោយនឹកថា ឆ្នាំទី៧ជាឆ្នាំដែលត្រូវលើកលែង នោះជិតដល់ហើយ ហើយឯងគន់មើលបងប្អូនអ្នកក្រនោះ ដោយព្រងើយកន្តើយវិញ ឥតមានឲ្យអ្វីដល់គេសោះ ក្រែងគេប្តឹងដល់ព្រះយេហូវ៉ាពីឯង នោះនឹងបានរាប់ជាបាបដល់ឯង