ចោទិយ‌កថា 15:4-10 KHOV

4 ប៉ុន្តែ​នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន

5 គឺ​បើ​ឯង​គ្រាន់​តែ​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក​ប៉ុណ្ណោះ

6 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​បាន ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​ឯង​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​ឯង​ទេ។

7 តែ​បើ‌សិន​ជា​មាន​អ្នក​ទ័ល‌ក្រ​ណា នៅ​ជា​មួយ​នឹង​ឯង​ដែរ ជា​បង​ប្អូន​ឯង​ដែល​នៅ​ទី​ក្រុង​ឯង ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក នោះ​មិន​ត្រូវ​ឲ្យ​ឯង​តាំង​ចិត្ត​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ

8 គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទ័ល‌ក្រ​នោះ​ចុះ

9 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ឯង ដោយ​នឹក​ថា ឆ្នាំ​ទី​៧​ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែង នោះ​ជិត​ដល់​ហើយ ហើយ​ឯង​គន់​មើល​បង​ប្អូន​អ្នក​ក្រ​នោះ ដោយ​ព្រងើយ​កន្តើយ​វិញ ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ក្រែង​គេ​ប្តឹង​ដល់​ព្រះ‌យេហូវ៉ា​ពី​ឯង នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង

10 ត្រូវ​ឲ្យ​ឯង​ចែក​ដល់​គេ​ជា​កុំ​ខាន ដោយ​មាន​ចិត្ត​ឥត​ស្តាយ​ផង ដ្បិត​បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ក្នុង​គ្រប់​ទាំង​ការ​របស់​ឯង ហើយ​ក្នុង​អស់​ទាំង​ការ​អ្វី ដែល​ឯង​ដាក់​ដៃ​ធ្វើ​ផង