1 ចូរចាំកំណត់នៅខែចេត្រ ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង ដ្បិតគឺនៅខែចេត្រនេះហើយដែលព្រះយេហូវ៉ា ជាព្រះនៃឯង បាននាំឯងចេញពីស្រុកអេស៊ីព្ទមកទាំងយប់
2 ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់
3 មិនត្រូវឲ្យបរិភោគនំបុ័ងមានដំបែជាមួយទេ នៅរវាង៧ថ្ងៃនោះ ត្រូវបរិភោគនំបុ័ងឥតដំបែវិញ គឺជានំបុ័ងនៃសេចក្ដីទុក្ខលំបាក ពីព្រោះឯងបានចេញពីស្រុកអេស៊ីព្ទមក ដោយប្រញាប់ប្រញាល់ ត្រូវធ្វើដូច្នោះដើម្បីឲ្យបាននឹកចាំគ្រប់១ជីវិត ពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
4 មិនត្រូវឲ្យឃើញមានដំបែនៅជាមួយក្នុងព្រំស្រុកឯងទាំងអស់នៅវេលា៧ថ្ងៃនោះឡើយ ក៏មិនត្រូវឲ្យមានសាច់ ដែលឯងថ្វាយជាយញ្ញបូជា នៅពេលល្ងាចក្នុងថ្ងៃដំបូងនោះ សល់នៅដល់ព្រឹកដែរ
5 ឯងគ្មានច្បាប់នឹងថ្វាយយញ្ញបូជានៃបុណ្យរំលង នៅក្នុងទីក្រុងដទៃណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងនោះទេ
6 គឺត្រូវឲ្យថ្វាយយញ្ញបូជានៃបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់វិញ គឺនៅទីនោះដែលត្រូវថ្វាយយញ្ញបូជា នៅពេលល្ងាចពីវេលាថ្ងៃលិចទៅ ក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីព្ទមក