ចោទិយ‌កថា 16:10-16 KHOV

10 នោះ​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ

11 ហើយ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​នឹង​ពួក​អ្នក​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

12 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ​ត្រូវ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ​ចុះ។

13 ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​បារាំ​នៅ​អស់​៧​ថ្ងៃ ក្នុង​ពេល​ក្រោយ​ដែល​បាន​ប្រមូល​ផល​ពី​លាន និង​ពី​ធុង​ឃ្នាប​ហើយ

14 ត្រូវ​ឲ្យ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង អរ​សប្បាយ​នៅ​វេលា​បុណ្យ​របស់​ឯង​នោះ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី ហើយ​នឹង​អ្នក​ដទៃ ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង

15 ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង អស់​៧​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ចំពោះ​អស់​ទាំង​ផល​ចំរើន​របស់​ឯង ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ​ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន។

16 ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង និង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ