ចោទិយ‌កថា 17:1-7 KHOV

1 មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ ឬ​ចៀម​ណា ដែល​មាន​ស្លាក‌ស្នាម ឬ​អាក្រក់​អ្វី ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

2 នៅ​ក្នុង​ទី​ក្រុង​ណា ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​មក បើ‌សិន​ជា​ឃើញ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា នៅ​ជា​មួយ​នឹង​ឯង ដែល​ប្រព្រឹត្ត​សេចក្ដី​អ្វី​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​រំលង​សេចក្ដី​សញ្ញា​ទ្រង់

3 ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ឬ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ឬ​របស់​ដ៏​បរិបូរ​ណា​មួយ​នៅ​លើ​មេឃ ដែល​អញ​មិន​បង្គាប់​ឡើយ

4 រួច​មាន​គេ​ប្រាប់​ដល់​ឯង ឬ​ឯង​បាន​ឮ​ក្តី នោះ​ត្រូវ​ឲ្យ​ឯង​ស៊ើប‌សួរ​យ៉ាង​អស់​ពី​ចិត្ត បើ​ឃើញ​ជា​ត្រូវ​ពិត​ដូច្នោះ​មែន​ថា មាន​គេ​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​យ៉ាង​នោះ នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ហើយ

5 នោះ​ត្រូវ​ឲ្យ​នាំ​មនុស្ស​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ មក​ឯ​ទ្វារ​ក្រុង​របស់​ឯង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ទោះ​ប្រុស ឬ​ស្រី​ក្តី

6 ត្រូវ​ឲ្យ​សំឡាប់​អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ ដោយ​មាន​ស្មរ‌បន្ទាល់​២​ឬ​៣​នាក់ តែ​បើ​មាន​តែ​ម្នាក់​ទេ នោះ​មិន​ល្មម​នឹង​សំឡាប់​គេ​ឡើយ

7 ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​ជា​មុន​គេ ដើម្បី​នឹង​សំឡាប់​ចោល រួច​សឹម​ឲ្យ​ពួក​បណ្តា‌ជន​គ្រប់​គ្នា​ជា​ខាង​ក្រោយ គឺ​យ៉ាង​ដូច្នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ។