10 នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ
11 គឺត្រូវឲ្យឯងកាត់សេចក្ដីឲ្យត្រូវ ដូចជាច្បាប់ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯង ហើយតាមសេចក្ដីយុត្តិធម៌ដែលអ្នកទាំងនោះនឹងប្រាប់ដល់ឯងផង មិនត្រូវឲ្យងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីសេចក្ដី ដែលអ្នកទាំងនោះនឹងបង្ហាញនោះឡើយ។
12 ឯអ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត ឥតស្តាប់តាមសង្ឃដែលឈរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅទីនោះ ឬតាមចៅក្រមផង អ្នកនោះនឹងត្រូវទោសដល់ស្លាប់ ត្រូវឲ្យបំបាត់សេចក្ដីអាក្រក់ពីសាសន៍អ៊ីស្រាអែលចេញ
13 នោះបណ្តាជនទាំងឡាយនឹងឮ រួចនឹងខ្លាច ហើយលែងប្រព្រឹត្តតាមតែអំពើចិត្តទៀត។
14 កាលណាឯងបានទៅដល់ស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ហើយចាប់យកបានព្រមទាំងតាំងទីលំនៅអាស្រ័យនៅផង រួចជំនុំគ្នាថា យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
15 នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ
16 កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ