13 នោះបណ្តាជនទាំងឡាយនឹងឮ រួចនឹងខ្លាច ហើយលែងប្រព្រឹត្តតាមតែអំពើចិត្តទៀត។
14 កាលណាឯងបានទៅដល់ស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ហើយចាប់យកបានព្រមទាំងតាំងទីលំនៅអាស្រ័យនៅផង រួចជំនុំគ្នាថា យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
15 នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ
16 កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ
17 ក៏មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ ក៏មិនត្រូវប្រមូលប្រាក់មាសជាច្រើនលើសលប់ដែរ។
18 កាលណាស្តេចនោះ បានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចម្លងក្រឹត្យវិន័យ តាមគម្ពីរដែលនៅមុខពួកលេវីដ៏ជាសង្ឃ ទុកក្នុងសៀវភៅសំរាប់ខ្លួន
19 ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដី ដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង