ចោទិយ‌កថា 19:1-7 KHOV

1 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ទាំង​នោះ ដែល​ទ្រង់​ប្រទាន​ស្រុក​គេ​មក​ឲ្យ​ឯង ហើយ​ឯង​បាន​បណ្តេញ​គេ​ទៅ ព្រម​ទាំង​តាំង​ទី​លំនៅ​ឯង​នៅ​ក្នុង​ក្រុង និង​នៅ​ក្នុង​ផ្ទះ​គេ

2 នោះ​ត្រូវ​ញែក​ទី​ក្រុង​៣​ចេញ សំរាប់​ឯង នៅ​កណ្តាល​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក

3 ត្រូវ​ឲ្យ​រៀប‌ចំ​ផ្លូវ ហើយ​ចែក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ចេញ​ជា​៣​ផ្នែក ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​គេ បាន​រត់​ទៅ​ជ្រក​នៅ​ឯ​ទី​នោះ។

4 នេះ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​សំឡាប់​គេ ហើយ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​នោះ ដើម្បី​នឹង​ឲ្យ​រួច​ជីវិត​បាន គឺ​អ្នក​ណា​មួយ​ដែល​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ក៏​មិន​បាន​ស្អប់​កាល​ពី​មុន​ដែរ

5 ឧបមា​ដូច​ជា​មនុស្ស​ណា​ម្នាក់ ដែល​ទៅ​ព្រៃ​កាប់​ឧស​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ក៏​លើក​ពូថៅ​ឡើង និង​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​របូត​ចេញ​ពី​ដង ទៅ​ត្រូវ​អ្នក​ជិត​ខាង​ដល់​ស្លាប់ ដូច្នេះ​ត្រូវ​ឲ្យ​អ្នក​នោះ​រត់​ទៅ​ជ្រក​អាស្រ័យ នៅ​ទី​ក្រុង​ណា​មួយ​នោះ ឲ្យ​បាន​រួច​ជីវិត​ចុះ

6 ក្រែង​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម បាន​ដេញ​តាម​អ្នក​ដែល​សំឡាប់​គេ​ឲ្យ​ទាន់ ដោយ​ព្រោះ​ផ្លូវ​នោះ​ឆ្ងាយ ក្នុង​កាល​ដែល​ចិត្ត​កំពុង​ខឹង​ក្តៅ​នៅ​ឡើយ រួច​ក៏​វាយ​អ្នក​នោះ​សំឡាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ពី​ព្រោះ​មិន​បាន​ស្អប់​គេ​ពី​ដើម​ឡើយ

7 ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ថា ចូរ​ញែក​ទី​ក្រុង​៣​សំរាប់​ឯង​ចុះ