ចោទិយ‌កថា 19:11-17 KHOV

11 ប៉ុន្តែ​បើ​មនុស្ស​ណា​មាន​ចិត្ត​ស្អប់ ដល់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទុះ​ទៅ​វាយ​ឲ្យ​ដល់​ស្លាប់ រួច​រត់​ទៅ​ជ្រក​នៅ​ទី​ក្រុង​ណា​មួយ​នោះ

12 នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ

13 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​ឡើយ ត្រូវ​ឲ្យ​បំបាត់​ការ​ខ្ចាយ​ឈាម​ឥត​ទោស ពី​ពួក​អ៊ីស្រា‌អែល​ចេញ​វិញ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ​ត​ទៅ។

14 មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។

15 មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សំរេច​បាន

16 បើ​កាល​ណា​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​មនុស្ស​ណា ពី​ការ​កំហុស​អ្វី

17 នោះ​ត្រូវ​ឲ្យ​ទាំង​២​នាក់​ដែល​កើត​ទាស់‌ទែង​គ្នា បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មុខ​ពួក​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​ក្នុង​គ្រា​នោះ