24 ចូរក្រោកឡើងធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ មើល អញបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្តាប់ដៃឯងហើយ ចូរចាប់តាំងយកស្រុកនោះចុះ ហើយច្បាំងនឹងគេទៅ
25 នៅថ្ងៃនេះឯង អញនឹងចាប់តាំងបណ្តាលឲ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្ដីភ័យញ័រ និងសេចក្ដីកោតខ្លាចដល់ឯង ដោយគេឮនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្ដីថប់បារម្ភដោយព្រោះឯង។
26 គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
27 សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងដើរតាមតែថ្នល់ធំប៉ុណ្ណោះ ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
28 ឯអាហារ និងទឹកសំរាប់ឲ្យយើងខ្ញុំទទួលទាន នោះត្រូវឲ្យទ្រង់លក់ឲ្យយើងខ្ញុំចុះ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ទ្រង់ទៅ
29 ដូចជាពួកកូនចៅអេសាវដែលនៅស្រុកសៀរ និងពួកសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យខ្ញុំដែរ ទាល់តែខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ
30 តែស៊ីហុនជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យយើងដើរកាត់ស្រុកទ្រង់ទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបណ្តាលឲ្យស្តេចមានព្រះទ័យ មានព្រះដំរិះរឹងទទឹង ដើម្បីនឹងប្រគល់មកក្នុងកណ្តាប់ដៃនៃឯង ដូចជាមានហើយសព្វថ្ងៃនេះ