31 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា មើល អញបានចាប់តាំងប្រគល់ស៊ីហុន និងស្រុកគេមកឯងហើយ ដូច្នេះ ចូរចាប់តាំងយកស្រុករបស់គេចុះ ដើម្បីឲ្យបានជាមរដក
32 នោះស៊ីហុន និងបណ្តារាស្ត្រទាំងប៉ុន្មានក៏ចេញមកទាស់នឹងយើង រួចច្បាំងគ្នានៅត្រង់យ៉ាហាស់
33 តែព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ស្តេចមកយើង ហើយយើងរាល់គ្នាក៏វាយទ្រង់ និងពួកកូនចៅទ្រង់ ព្រមទាំងរាស្ត្រទាំងអស់គ្នាទៅ
34 យើងក៏ចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ ទាំងរំលាងគ្រប់ទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផងគ្មានទុកណាមួយឲ្យនៅសល់ឡើយ
35 យើងបានយកតែហ្វូងសត្វ ទុកសំរាប់ខ្លួនយើង ជាមួយនឹងរបឹបពីអស់ទាំងក្រុងដែលយើងចាប់យកនោះ
36 ហើយចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅមាត់ស្ទឹងអើណូន និងពីទីក្រុង១ដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ទាំងអស់មកយើង
37 មានតែស្រុករបស់ពួកកូនចៅអាំម៉ូនប៉ុណ្ណោះ ដែលឯងរាល់គ្នាមិនបានចូលទៅជិតឡើយ គឺជាស្រុកនៅក្បែរស្ទឹងយ៉ាបុក និងទីក្រុងទាំងប៉ុន្មានដែលនៅស្រុកភ្នំនោះ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានហាមប្រាមនោះផង។