7 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសំបើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។
8 ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត និងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ
9 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរ ដល់ពួកកូនចៅឡុត ទុកជាកេរអាករហើយ
10 (ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់
11 សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ
12 សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
13 ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ