1 បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ឃើញសេះ ឃើញរទេះ និងមនុស្សជាច្រើនជាងពួកឯង នោះមិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ទ្រង់គង់នៅជាមួយនឹងឯងហើយ
2 កាលណាឯងរាល់គ្នាចូលទៅជិត ដើម្បីតនឹងគេ នោះត្រូវឲ្យសង្ឃចូលមកនិយាយនឹងបណ្តាទ័ពថា
3 ចូរស្តាប់ ពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះឯងរាល់គ្នាចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ ដូច្នេះកុំឲ្យមានចិត្តតក់ស្លុតឡើយ ក៏កុំឲ្យខ្លាច ឬញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឲ្យសោះ
4 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់យាងទៅជាមួយនឹងឯង ដើម្បីច្បាំងនឹងពួកខ្មាំងសត្រូវជំនួសឯង ហើយនឹងជួយសង្គ្រោះឯងផង
5 នោះត្រូវឲ្យពួកនាយកសួរគេថា តើមានមនុស្សណាដែលទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងនៅឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតឡើងទៅនៅវិញ