ចោទិយ‌កថា 21:1-7 KHOV

1 បើ‌សិន​ជា​ឃើញ​មាន​ខ្មោច​ចង្គ្រាង នៅ​ទី​វាល​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក ហើយ​គ្មាន​អ្នក​ណា​ដឹង​ជា​អ្នក​ណា​បាន​សំឡាប់​ឡើយ

2 នោះ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ និង​ពួក​ចៅ‌ក្រម​របស់​ឯង​ចេញ​ទៅ​វាស់ ចាប់​ពី​ខ្មោច​នោះ ទៅ​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ

3 រួច​ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​យក​គោ​ស្ទាវ​១ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ

4 ដឹក​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​មួយ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ​ឡើយ ហើយ​ត្រូវ​បំបាក់​ក​គោ​នៅ​ត្រង់​ច្រក​នោះ​ទៅ

5 រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សំរាប់​នឹង​បំរើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ

6 នោះ​ពួក​ចាស់‌ទុំ​គ្រប់​គ្នា​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ​ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ច្រក​នោះ

7 ហើយ​ត្រូវ​ថា ដៃ​យើង​ខ្ញុំ​រាល់​គ្នា​មិន​បាន​កំចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ