ចោទិយ‌កថា 21:14-20 KHOV

14 លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។

15 បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់

16 ដូច្នោះ​នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ

17 គឺ​ត្រូវ​ទទួល​រាប់​កូន​របស់​នាង​ដែល​ខ្លួន​ស្អប់​នោះ ទុក​ជា​កូន​ច្បង​ពិត ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​វា ឲ្យ​លើស​១​ជា​២ ដ្បិត​កូន​នោះ​ជា​កូន​ដំបូង​របស់​ខ្លួន អំណាច​ច្បាប់​របស់​កូន​ច្បង​ត្រូវ​បាន​ជា​របស់​ផង​វា។

18 បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ

19 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ

20 រួច​ត្រូវ​ជំរាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោប​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង