ចោទិយ‌កថា 22:6-12 KHOV

6 បើ​កាល​ណា​ឯង​ប្រទះ​ឃើញ​សំបុក​សត្វ ដែល​មាន​កូន ឬ​មាន​ពង នៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើ​កូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​ឲ្យ​ឯង​យក​មេ ជា​មួយ​នឹង​កូន​ផង​ទេ

7 គឺ​ត្រូវ​ឲ្យ​ឯង​លែង​មេ​ទៅ​ជា​កុំ​ខាន ឯ​កូន​នោះ ឯង​នឹង​យក​បាន ដូច្នេះ​ឯង​នឹង​បាន​សប្បាយ ហើយ​បាន​ជីវិត​រស់​នៅ​ជា​យូរ‌អង្វែង​ត​ទៅ។

8 កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម និង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។

9 មិន​ត្រូវ​ឲ្យ​ព្រោះ​ពូជ​២​យ៉ាង​ខុស​គ្នា​ចំរុះ​ក្នុង​ចំការ​ឯង​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត​ទៅ ព្រម​ទាំង​ពូជ​ដែល​ឯង​បាន​ព្រោះ និង​ផល​ចំរើន​នោះ​ផង

10 ក៏​មិន​ត្រូវ​ភ្ជួរ ដោយ​ទឹម​គោ​ជា​មួយ​នឹង​លា​ដែរ

11 មិន​ត្រូវ​ឲ្យ​ឯង​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា​មួយ​គ្នា​ឡើយ។

12 ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។