ចោទិយ‌កថា 23:12-18 KHOV

12 ត្រូវ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​ទី​សំរាប់​នឹង​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ

13 ហើយ​ត្រូវ​ឲ្យ​មាន​ចប​ជីក នៅ​ជា​១ និង​គ្រឿង​សស្ត្រា‌វុធ​របស់​ឯង​ផង ដើម្បី​កាល​ណា​ឯង​ចេញ​ទៅ​បត់‌ជើង នោះ​នឹង​ជីក​ទៅ​កប់​លុប​លាមក​ឯង​ទៅ

14 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល​របស់​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ហើយ​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ឯង ដូច្នេះ​ទី​ដំឡើង​ត្រសាល​របស់​ឯង​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ទ្រង់​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក នៅ​ក្នុង​ពួក​ឯង រួច​បែរ​ចេញ​ពី​ឯង​ទៅ​នោះ​ឡើយ។

15 ឯ​បាវ​បំរើ​ណា ដែល​បាន​រត់​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​មក​ពឹង​ជ្រក​នឹង​ឯង នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ចៅ‌ហ្វាយ​វិញ​ឡើយ

16 ត្រូវ​បើក​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង នៅ​កណ្តាល​ពួក​ឯង ក្នុង​ទី​ក្រុង​ណា​មួយ ដែល​អ្នក​នោះ​ជ្រើស‌រើស តាម​បំណង​ចិត្ត​ចុះ មិន​ត្រូវ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ។

17 មិន​ត្រូវ​ឲ្យ​មាន​ស្រី​សំផឹងណា​មួយ ក្នុង​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ណា​មួយ​ធ្វើ​ជា​កូន​ជឹង នៅ​ក្នុង​ពួក​កូន​ប្រុស​សាសន៍​អ៊ីស្រា‌អែល​ដែរ

18 មិន​ត្រូវ​ឲ្យ​យក​ថ្លៃ​ឈ្នួល​របស់​ការ​ធ្វើ​សំផឹង ឬ​ថ្លៃ​ឆ្កែ​មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ឡើយ ដ្បិត​ទាំង​២​មុខ​នេះ​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។