14 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។
15 ឯបាវបំរើណា ដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ
16 ត្រូវបើកឲ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើស តាមបំណងចិត្តចុះ មិនត្រូវឲ្យសង្កត់សង្កិនគេឡើយ។
17 មិនត្រូវឲ្យមានស្រីសំផឹងណាមួយ ក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ
18 មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែមកក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងថ្វាយជាដង្វាយឡើយ ដ្បិតទាំង២មុខនេះជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។
19 មិនត្រូវឲ្យឯងឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការវិញនោះឡើយ
20 ឯងនឹងឲ្យអ្នកប្រទេសដទៃខ្ចី ដោយយកការបាន តែមិនត្រូវឲ្យបងប្អូនឯងខ្ចីដោយយកការឡើយ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលឯងដាក់ដៃធ្វើ នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ។