ចោទិយ‌កថា 23:19-25 KHOV

19 មិន​ត្រូវ​ឲ្យ​ឯង​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​វិញ​នោះ​ឡើយ

20 ឯង​នឹង​ឲ្យ​អ្នក​ប្រទេស​ដទៃ​ខ្ចី ដោយ​យក​ការ​បាន តែ​មិន​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​ខ្ចី​ដោយ​យក​ការ​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ដាក់​ដៃ​ធ្វើ នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ។

21 កាល​ណា​ឯង​បន់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នោះ​មិន​ត្រូវ​បង្អង់ និង​លា​បំណន់​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ទារ​ពី​ឯង​វិញ​ជា​មិន​ខាន យ៉ាង​នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង

22 តែ​បើ​ឯង​មិន​ដែល​បន់​បំណន់​ទេ នោះ​គ្មាន​បាប​ឡើយ

23 សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​ឯង នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​គ្រប់​ជំពូក គឺ​ឲ្យ​ត្រូវ​នឹង​បំណន់ ដែល​ឯង​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​ឯង​បាន​សន្យា​ហើយ។

24 កាល​ណា​ឯង​ចូល​ទៅ ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង​ណា នោះ​នឹង​បរិភោគ​ផល​ចំអែត​តាម​ចិត្ត​បាន ប៉ុន្តែ​មិន​ត្រូវ​បេះ​ដាក់​ក្នុង​កញ្ច្រែង​ឯង​ទេ

25 កាល​ណា​ដើរ​កាត់​ស្រែ ដែល​មាន​ស្រូវ​របស់​អ្នក​ជិត​ខាង​ឯង​ណា នោះ​នឹង​បូត​គួរ​ស្រូវ​ដោយ​ដៃ​បាន ប៉ុន្តែ​មិន​ត្រូវ​យក​កណ្តៀវ​ទៅ​ច្រូត​ឡើយ។