ចោទិយ‌កថា 24:12-18 KHOV

12 ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ

13 លុះ​ដល់​ថ្ងៃ​លិច ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​គេ​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​គេ​បាន​ប្រដាប់​ដេក​ដណ្តប់​ខ្លួន​ដែរ យ៉ាង​នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​ការ​នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

14 មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​កូន​ឈ្នួល​ឯង ដែល​ទ័ល‌ក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​ឯង​ក្តី

15 គឺ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ក្នុង​ពេល​កំណត់​កុំ​ខាន កុំ​ឲ្យ​ប្រាក់​នោះ​នៅ​នឹង​ឯង​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ដ្បិត​គេ​ទ័ល‌ក្រ ហើយ​មាន​ចិត្ត​សង្ឃឹម​ចង់​បាន​ប្រាក់​នោះ ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង នោះ​នឹង​រាប់​ជា​មាន​បាប​ដល់​ឯង​ហើយ។

16 មិន​ត្រូវ​សំឡាប់​ឪពុក​ដោយ​ព្រោះ​កូន ឬ​សំឡាប់​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ ដែល​ត្រូវ​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​ទេ។

17 មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ

18 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។