ចោទិយ‌កថា 24:6-12 KHOV

6 មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។

7 បើ​ឃើញ​អ្នក​ណា​កំពុង​តែ​ចាប់​អ្នក​ណា​មួយ ក្នុង​ពួក​បង​ប្អូន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ទុក​ដូច​ជា​ខ្ញុំ​បំរើ ឬ​លក់​ឲ្យ​ដល់​គេ​ក្តី នោះ​អ្នក​ដែល​ចាប់​លួច​យក​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ យ៉ាង​នោះ​ឯង​នឹង​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

8 ចូរ​ប្រយ័ត្ន​ខាង​ឯ​រោគ​ឃ្លង់ ដើម្បី​ឲ្យ​បាន​ខំ​ប្រឹង​កាន់​ហើយ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ និង​បង្រៀន​ដល់​ឯង ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​ធ្វើ​តាម ដូច​ជា​អញ​បាន​បង្គាប់​ដល់​គេ​គ្រប់​ជំពូក

9 ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រព្រឹត្ត​នឹង​ម៉ារាម​តាម​ផ្លូវ ក្នុង​គ្រា​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ចុះ។

10 កាល​ណា​ឯង​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វីៗ នោះ​មិន​ត្រូវ​ចូល​តាម​គេ​ទៅ​ក្នុង​ផ្ទះ ដើម្បី​នឹង​យក​របស់​បញ្ចាំ​ពី​គេ​នោះ​ឡើយ

11 ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ

12 ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ