ចោទិយ‌កថា 26:10-16 KHOV

10 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ មើល ទូល‌បង្គំ​បាន​នាំ​យក​ផល​ដំបូង​កើត​ពី​ដី ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូល‌បង្គំ​មក​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដាក់​របស់​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង រួច​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់

11 ហើយ​ត្រូវ​រីក‌រាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង និង​ពួក​លេវី ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង។

12 កាល​ណា​ឯង​បាន​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​របស់​ឯង​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​៣ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​១០​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា ហើយ​នឹង​ពួក​ស្រី​មេម៉ាយ​ផង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិភោគ​ចំអែត​គ្រប់‌គ្រាន់ នៅ​ក្នុង​ទី​ក្រុង​ឯង​ដែរ

13 នោះ​ត្រូវ​ឲ្យ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ថា ទូល‌បង្គំ​បាន​នាំ​យក​ដង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូល‌បង្គំ​មក ហើយ​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ផង តាម​បញ្ញត្ត​ដែល​ទ្រង់​បាន​បង្គាប់​មក​គ្រប់​ជំពូក​ហើយ ទូល‌បង្គំ​មិន​បាន​រំលង​បញ្ញត្ត​ទ្រង់​ណា​មួយ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ

14 ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សំរាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សំរាប់​ខ្មោច​ស្លាប់​ដែរ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ

15 សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង​ខ្ញុំ​ហើយ។

16 នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ