13 នោះត្រូវឲ្យទូលនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា ទូលបង្គំបាននាំយកដង្វាយទាំងអស់ ចេញពីផ្ទះទូលបង្គំមក ហើយបានចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា និងពួកស្រីមេម៉ាយផង តាមបញ្ញត្តដែលទ្រង់បានបង្គាប់មកគ្រប់ជំពូកហើយ ទូលបង្គំមិនបានរំលងបញ្ញត្តទ្រង់ណាមួយឡើយ ក៏មិនបានភ្លេចដែរ
14 ទូលបង្គំមិនបានទទួលទានពីរបស់ទាំងនោះ ក្នុងកាលដែលកំពុងកាន់ទុក្ខឡើយ ក៏មិនបានបង្វែរអ្វីមួយសំរាប់ការស្មោកគ្រោក ឬឲ្យអ្វីសំរាប់ខ្មោចស្លាប់ដែរ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ហើយបានធ្វើតាមគ្រប់សេចក្ដីទាំងអស់ ដែលទ្រង់បានបង្គាប់មកហើយ
15 សូមទ្រង់ទតមកពីទីលំនៅបរិសុទ្ធរបស់ទ្រង់នៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់ ព្រមទាំងដីដែលទ្រង់បានប្រទានមកយើងខ្ញុំផង គឺជាស្រុកនេះដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាទ្រង់បានស្បថនឹងពួកអយ្យកោយើងខ្ញុំហើយ។
16 នៅថ្ងៃនេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បង្គាប់មក ឲ្យឯងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងនេះ ដូច្នេះ ត្រូវឲ្យឯងកាន់ ហើយប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងចុះ
17 នៅថ្ងៃនេះ ឯងបានសុខចិត្តទទួលព្រមថាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃឯង ហើយថា ឯងនឹងដើរតាមផ្លូវទ្រង់ ព្រមទាំងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង
18 ព្រះយេហូវ៉ាទ្រង់ក៏បានទទួលព្រមនៅថ្ងៃនេះថា ឯងជារាស្ត្ររបស់ផងទ្រង់ពិតដូចជាទ្រង់បានសន្យានឹងឯងហើយ ព្រមទាំងប្រាប់ឲ្យឯងកាន់តាមគ្រប់ទាំងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
19 ហើយឲ្យបានលើកឯងឡើងជាខ្ពស់ផង គឺខ្ពស់លើសអស់ទាំងសាសន៍ដែលទ្រង់បានបង្កើត ដោយមានសេចក្ដីសរសើរ និងកេរ្តិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កុំថ្កើង ដើម្បីឲ្យឯងបានធ្វើជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានព្រះបន្ទូលស្រាប់។