4 នោះត្រូវឲ្យសង្ឃយកកញ្ជើពីដៃឯង ទៅដាក់នៅមុខអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង
5 រួចត្រូវថ្លែងប្រាប់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា អយ្យកោទូលបង្គំលោកជាសាសន៍អើរ៉ាម ដែលដើរសាត់ព្រាត់ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះបានត្រឡប់ជាសាសន៍១យ៉ាងធំ ហើយខ្លាំងពូកែ មានគ្នាជាច្រើនវិញ
6 ពួកសាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុក ឲ្យធ្វើការមានទំងន់ណាស់ផង
7 នោះយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងខ្ញុំ ហើយទ្រង់បានឮសំរែកយើងខ្ញុំ ក៏ឃើញសេចក្ដីទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង
8 នោះទ្រង់ក៏នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ព្រមទាំងធ្វើការគួរស្ញែងខ្លាចដ៏ធំ និងទីសំគាល់ហើយនឹងការអស្ចារ្យផង
9 ទ្រង់ក៏បាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំរាល់គ្នា
10 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល ទូលបង្គំបាននាំយកផលដំបូងកើតពីដី ដែលទ្រង់បានប្រទានដល់ទូលបង្គំមកហើយ នោះត្រូវឲ្យឯងដាក់របស់ទាំងនោះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង រួចក្រាបថ្វាយបង្គំដល់ទ្រង់