ចោទិយ‌កថា 28:15-21 KHOV

15 ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង

16 គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចំការ​ដែរ

17 ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ

18 ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​នឹង​សេចក្ដី​ចំរើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់

19 ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។

20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ

21 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ