18 ផលដែលកើតពីពោះ និងផលកើតពីដីឯង ហើយនឹងសេចក្ដីចំរើនរបស់ហ្វូងគោ និងកូនទាំងប៉ុន្មានរបស់ហ្វូងចៀមឯង នោះនឹងត្រូវបណ្តាសាទាំងអស់
19 ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។
20 ព្រះយេហូវ៉ាទ្រង់នឹងចាត់សេចក្ដីបណ្តាសា និងសេចក្ដីបាក់បប ហើយសេចក្ដីបន្ទោសមកលើឯង ក្នុងគ្រប់ការអ្វីដែលឯងដាក់ដៃធ្វើ ដរាបដល់ត្រូវបំផ្លាញចេញ ហើយវិនាសអស់ទៅជាឆាប់ផង ដោយព្រោះអំពើអាក្រក់របស់ឯង ដែលបានលះបង់ចោលអញ
21 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំងឺអាសន្នរោគនៅជាប់នឹងឯង ដរាបដល់ឯងរោយរៀវបាត់ចេញពីស្រុក ដែលឯងចូលទៅចាប់យកនោះអស់ទៅ
22 ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ និងគ្រុនរងា ហើយដោយកើតហើមពិស និងក្តៅខ្លួនដូចភ្លើង ដោយដាវ និងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ
23 ឯមេឃពីលើក្បាលឯងនឹងបានដូចជាបង្ហិន ហើយដីនៅក្រោមឯង នឹងបានដូចជាដែក
24 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យមានភ្លៀងមកលើស្រុកឯង ជាធូលី និងផង់លំអងដី ដែលនឹងធ្លាក់ពីលើមេឃមកលើឯង ដរាបដល់ឯងវិនាសបាត់អស់ទៅ។