ចោទិយ‌កថា 28:24-30 KHOV

24 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។

25 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី

26 ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ

27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទនិង​ឫស‌ដូង‌បាត កម ហើយ​នឹង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ

28 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង

29 ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

30 ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ