ចោទិយ‌កថា 28:46-52 KHOV

46 សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សំរាប់​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ នៅ​អស់​កល្ប‌ជានិច្ច។

47 ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន

48 បាន​ជា​ឯង​ត្រូវ​បំរើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បំរើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ

49 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចំងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន

50 ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង

51 គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចំរើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ

52 គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ