47 ដោយហេតុតែឯងមិនបានគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយចិត្តរីករាយសប្បាយ នៅកណ្តាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន
48 បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
49 ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចំងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន
50 ជាសាសន៍មានទឹកមុខសាហាវ ឥតមានយល់ដល់ចាស់ ក៏មិនចេះអាណិតដល់ក្មេងផង
51 គេនឹងស៊ីផលពីហ្វូងសត្វឯង និងពីដីឯង ដរាបដល់ឯងវិនាសបាត់ទៅ គេមិនទុកឲ្យឯងមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចំរើនពីហ្វូងគោ ហ្វូងចៀមឯងឡើយ ដរាបដល់គេបានបំផ្លាញឯងអស់រលីងទៅ
52 គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួន ដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ
53 ហើយនៅវេលាគេឡោមព័ទ្ធឯងជុំវិញ និងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខដល់ឯង នោះឯងនឹងបរិភោគផលដែលកើតចេញពីខ្លួនឯង គឺជាសាច់របស់កូនប្រុសកូនស្រីឯង ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ