ចោទិយ‌កថា 28:52-58 KHOV

52 គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ

53 ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

54 អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ

55 ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង

56 ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់​ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន

57 ហើយ​ដល់​ទាំង​កូន​ខ្ចី ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សំរាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សំងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ​នឹង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។

58 បើ​ឯង​មិន​ព្រម​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ«ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង»