54 អ្នកណាដែលរមែងមានចិត្តថ្នម ហើយស្រទន់ណាស់ក្នុងពួកឯង អ្នកនោះឯងនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយដល់កូនខ្លួនទាំងប៉ុន្មាន ដែលនៅសល់វិញ
55 ដល់ម៉្លេះបានជាមិនព្រមទាំងចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យដល់អ្នកណាមួយនោះឡើយ ដោយព្រោះគ្មានអ្វីសល់ទៀត គឺក្នុងគ្រាដែលខ្មាំងសត្រូវឯងនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលឯងមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅគ្រប់ទាំងទីក្រុងឯងផង
56 ហើយស្ត្រីណាដែលមានចិត្តថ្នម ហើយស្រទន់នៅក្នុងពួកឯង ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ហើយថ្នមខ្លួន នាងនោះនឹងមានភ្នែកអាក្រក់ដល់ប្ដី ជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីខ្លួន
57 ហើយដល់ទាំងកូនខ្ចី ដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសំរាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសំងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះនឹងវេលាដែលមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង។
58 បើឯងមិនព្រមប្រយ័ត្ន និងធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ គឺ«ព្រះយេហូវ៉ា ជាព្រះនៃឯង»
59 នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60 ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង