57 ហើយដល់ទាំងកូនខ្ចី ដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសំរាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសំងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះនឹងវេលាដែលមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង។
58 បើឯងមិនព្រមប្រយ័ត្ន និងធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ គឺ«ព្រះយេហូវ៉ា ជាព្រះនៃឯង»
59 នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60 ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង
61 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនឹងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ
62 ហើយទោះពីដើមឯងរាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ពីព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
63 នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនឹងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើមទ្រង់សព្វព្រះហឫទ័យ នឹងប្រោសសេចក្ដីល្អដល់ឯង ហើយចំរើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុក ដែលឯងនឹងចូលទៅចាប់យកនោះ