59 នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60 ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង
61 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនឹងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ
62 ហើយទោះពីដើមឯងរាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ពីព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
63 នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនឹងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើមទ្រង់សព្វព្រះហឫទ័យ នឹងប្រោសសេចក្ដីល្អដល់ឯង ហើយចំរើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុក ដែលឯងនឹងចូលទៅចាប់យកនោះ
64 ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដ៏ទៃធ្វើពីឈើ ហើយនឹងថ្ម ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់សោះ
65 នៅក្នុងសាសន៍ទាំងនោះ ឯងនឹងរកសេចក្ដីស្រណុកមិនបាន ហើយបាតជើងឯងមិនចេះបានសំរាកឡើយ គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យចិត្តឯងញ័ររន្ធត់ ឲ្យភ្នែកឯងស្រវាំងទៅ ហើយឲ្យមានគំនិតព្រួយលំបាកដែរ