62 ហើយទោះពីដើមឯងរាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ពីព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
63 នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនឹងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើមទ្រង់សព្វព្រះហឫទ័យ នឹងប្រោសសេចក្ដីល្អដល់ឯង ហើយចំរើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុក ដែលឯងនឹងចូលទៅចាប់យកនោះ
64 ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដ៏ទៃធ្វើពីឈើ ហើយនឹងថ្ម ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់សោះ
65 នៅក្នុងសាសន៍ទាំងនោះ ឯងនឹងរកសេចក្ដីស្រណុកមិនបាន ហើយបាតជើងឯងមិនចេះបានសំរាកឡើយ គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យចិត្តឯងញ័ររន្ធត់ ឲ្យភ្នែកឯងស្រវាំងទៅ ហើយឲ្យមានគំនិតព្រួយលំបាកដែរ
66 ទោះទាំងជីវិតឯង ក៏នឹងគ្មានទីកំណត់ដល់ឯងផង ឯងនឹងចេះតែភ័យខ្លាចទាំងយប់ទាំងថ្ងៃ ឥតមានសង្ឃឹមនឹងរស់នៅឡើយ
67 នៅពេលព្រឹកឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង
68 ព្រះយេហូវ៉ាទ្រង់នឹងដឹកនាំឯងដោយនាវា ត្រឡប់ទៅនៅស្រុកអេស៊ីព្ទវិញ តាមផ្លូវដែលអញបានប្រាប់ឯងថា ឯងនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ ឯងនឹងខំលក់ខ្លួនទៅឲ្យពួកខ្មាំងសត្រូវ ដើម្បីនឹងធ្វើជាបាវប្រុសបាវស្រីគេ តែនឹងគ្មានអ្នកណាទិញឯងសោះ។