9 ទ្រង់នឹងតាំងឯងសំរាប់ជារាស្ត្របរិសុទ្ធដល់ទ្រង់ ដូចជាទ្រង់បានស្បថនឹងឯងហើយ គឺបើឯងនឹងកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ផង
10 នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង
11 ព្រះយេហូវ៉ាទ្រង់ក៏នឹងចំរើនឲ្យឯងមានជាបរិបូរឡើង ដោយផលដែលកើតពីពោះ និងផលកើតពីហ្វូងសត្វ ហើយនឹងផលកើតពីដីឯង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោថា នឹងឲ្យដល់ឯង
12 ព្រះយេហូវ៉ាទ្រង់នឹងបើកឃ្លាំងដ៏វិសេសរបស់ទ្រង់ឲ្យដល់ឯង គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់មកសំរាប់ស្រុកឯងតាមរដូវកាល ហើយនឹងឲ្យពរដល់គ្រប់ទាំងការដែលដៃឯងធ្វើ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីឥតមានខ្ចីពីគេវិញឡើយ
13 ព្រះយេហូវ៉ាទ្រង់នឹងតាំងឯងទុកជាក្បាល មិនមែនជាកន្ទុយឡើយ ឯងនឹងនៅតែពីលើគេ មិនដែលនៅពីក្រោមទេ គឺបើឯងនឹងស្តាប់តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមផង
14 ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងរក ហើយគោរពប្រតិបត្តិតាមព្រះដទៃនោះឡើយ។
15 ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង