16 ក៏បានឃើញការគួរស្អប់ខ្ពើមរបស់គេ និងព្រះដែលធ្វើពីឈើ ពីថ្ម ប្រាក់ ហើយនឹងមាស នៅក្នុងពួកគេនោះដែរ)
17 ក្រែងនៅក្នុងពួកឯងរាល់គ្នា នៅថ្ងៃនេះមានមនុស្សប្រុស ឬស្រីណា ឬគ្រួណា ឬពូជអំបូរណាដែលមានចិត្តបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃយើង ទៅគោរពប្រតិបត្តិដល់ព្រះរបស់សាសន៍ទាំងនោះវិញ ហើយក្រែងនៅក្នុងពួកឯងរាល់គ្នា មានឫសណាដែលបង្កើតជាតិពុល ហើយនឹងស្លែង
18 រួចកាលណាអ្នកនោះឮពាក្យនៃសេចក្ដីបណ្តាសានេះ នោះគេនឹងឲ្យពរដល់ខ្លួននៅក្នុងចិត្តថា អញនឹងមានសេចក្ដីសុខទេ ទោះបើអញដើរតាមតែសេចក្ដីរឹងចចេសក្នុងចិត្តអញ ដើម្បីនឹងបន្ថែមសេចក្ដីស្រវឹង ទៅលើសេចក្ដីសំរេកក៏ដោយ
19 ព្រះយេហូវ៉ាទ្រង់នឹងមិនអត់ទោសដល់អ្នកនោះឡើយ គឺសេចក្ដីខ្ញាល់ហើយនឹងសេចក្ដីប្រចណ្ឌនៃព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងសេចក្ដីបណ្តាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះដែរ រួចព្រះយេហូវ៉ាទ្រង់នឹងលុបឈ្មោះគេពីក្រោមមេឃចេញ
20 ព្រះយេហូវ៉ាទ្រង់នឹងញែកអ្នកនោះ ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់តែសេចក្ដីអាក្រក់ប៉ុណ្ណោះ តាមអស់ទាំងពាក្យបណ្តាសានៃសេចក្ដីសញ្ញាដែលកត់ក្នុងគម្ពីរក្រឹត្យវិន័យនេះ។
21 ឯដំណមនុស្សក្រោយមក គឺកូនចៅឯងរាល់គ្នាដែលនឹងកើតតពីឯង ហើយពួកអ្នកដទៃដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញអស់ទាំងសេចក្ដីវេទនានៅស្រុកនោះ និងជំងឺទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើឲ្យឈឺ
22 ហើយឃើញស្រុកនោះសុទ្ធតែស្ពាន់ធ័រ និងអំបិលផងក៏កំពុងតែឆេះ ឥតដែលបានសាបព្រោះ ឬលូតលាស់ឥតមានស្មៅដុះសោះ ដូចជាកាលបំផ្លាញក្រុងសូដុំម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា ហើយនឹងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ហើយនឹងសេចក្ដីឃោរឃៅរបស់ទ្រង់