20 ព្រះយេហូវ៉ាទ្រង់នឹងញែកអ្នកនោះ ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់តែសេចក្ដីអាក្រក់ប៉ុណ្ណោះ តាមអស់ទាំងពាក្យបណ្តាសានៃសេចក្ដីសញ្ញាដែលកត់ក្នុងគម្ពីរក្រឹត្យវិន័យនេះ។
21 ឯដំណមនុស្សក្រោយមក គឺកូនចៅឯងរាល់គ្នាដែលនឹងកើតតពីឯង ហើយពួកអ្នកដទៃដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញអស់ទាំងសេចក្ដីវេទនានៅស្រុកនោះ និងជំងឺទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើឲ្យឈឺ
22 ហើយឃើញស្រុកនោះសុទ្ធតែស្ពាន់ធ័រ និងអំបិលផងក៏កំពុងតែឆេះ ឥតដែលបានសាបព្រោះ ឬលូតលាស់ឥតមានស្មៅដុះសោះ ដូចជាកាលបំផ្លាញក្រុងសូដុំម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា ហើយនឹងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ហើយនឹងសេចក្ដីឃោរឃៅរបស់ទ្រង់
23 នោះគ្រប់ទាំងសាសន៍នឹងសួរថា ហេតុដូចម្តេចបានជាព្រះយេហូវ៉ាបានធ្វើដល់ស្រុកនេះយ៉ាងដូច្នេះ សេចក្ដីក្រោធយ៉ាងខ្លាំង ដ៏ឆេះក្តៅ បានកើតឡើងដោយព្រោះអ្វី
24 នោះអស់ទាំងសាសន៍នឹងឆ្លើយថា គឺដោយព្រោះតែគេបានបោះបង់ចោលសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បានតាំងនឹងគេ ក្នុងកាលដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមកនោះ
25 គេបានបែរទៅជាគោរពប្រតិបត្តិ ថ្វាយបង្គំដល់ព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ គឺជាព្រះដែលទ្រង់ក៏មិនបានប្រទានឲ្យគេផង
26 ហេតុនោះហើយ បានជាសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើងទាស់នឹងស្រុកនេះ ដើម្បីនឹងនាំអស់ទាំងសេចក្ដីបណ្តាសា ដែលកត់ក្នុងគម្ពីរនេះមកលើគេ