ចោទិយ‌កថា 29:21-27 KHOV

21 ឯ​ដំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​ឯង​រាល់​គ្នា​ដែល​នឹង​កើត​ត​ពី​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​អស់​ទាំង​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ

22 ហើយ​ឃើញ​ស្រុក​នោះ​សុទ្ធ​តែ​ស្ពាន់‌ធ័រ និង​អំបិល​ផង​ក៏​កំពុង​តែ​ឆេះ ឥត​ដែល​បាន​សាប‌ព្រោះ ឬ​លូត‌លាស់​ឥត​មាន​ស្មៅ​ដុះ​សោះ ដូច​ជា​កាល​បំផ្លាញ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា ហើយ​នឹង​ក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី​ខ្ញាល់​ហើយ​នឹង​សេចក្ដី​ឃោរ‌ឃៅ​របស់​ទ្រង់

23 នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី

24 នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ

25 គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​មិន​បាន​ប្រទាន​ឲ្យ​គេ​ផង

26 ហេតុ​នោះ​ហើយ បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ស្រុក​នេះ ដើម្បី​នឹង​នាំ​អស់​ទាំង​សេចក្ដី​បណ្តាសា ដែល​កត់​ក្នុង​គម្ពីរ​នេះ​មក​លើ​គេ

27 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ