1 នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន និងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន និងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ
3 ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ និងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ
4 យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន