19 តែឯប្រពន្ធកូន និងហ្វូងសត្វរបស់ឯង នោះត្រូវទុកឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអញបានឲ្យដល់ឯងវិញ (ដ្បិតអញដឹងថា ឯងរាល់គ្នាមានហ្វូងសត្វច្រើន)
20 ទាល់តែព្រះយេហូវ៉ាទ្រង់បានឲ្យពួកបងប្អូនឯង បានសេចក្ដីសំរាកដូចជាឯងដែរ ព្រមទាំងចាប់យកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យគេនៅខាងនាយទន្លេយ័រដាន់ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកជាកេរអាករឯងរៀងខ្លួន ដែលអញបានឲ្យដល់ឯងរាល់គ្នាចុះ
21 ហើយនៅវេលានោះ អញក៏បានប្រាប់ដល់យ៉ូស្វេថា ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានធ្វើដល់ស្តេចទាំង២នេះហើយ ទ្រង់ក៏នឹងធ្វើដូច្នេះដល់គ្រប់ទាំងនគរដែលអ្នកនឹងឆ្លងចូលទៅនោះដែរ
22 មិនត្រូវឲ្យអ្នកខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងច្បាំងជំនួសអ្នក។
23 នៅគ្រានោះ អញបានទូលអង្វរដល់ព្រះយេហូវ៉ាថា
24 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែង ឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ និងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន
25 ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ