ចោទិយ‌កថា 3:21-27 KHOV

21 ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ

22 មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។

23 នៅ​គ្រា​នោះ អញ​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

24 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ចាប់​តាំង​សំដែង ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ឃើញ​តេជា‌នុភាព​នៃ​ទ្រង់ និង​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​ផង ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​លើ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដូច​ការ​ទ្រង់​បាន​ធ្វើ​នោះ ឬ​តាម​ឫទ្ធិ‌បារមី​របស់​ទ្រង់​ទាំង​ប៉ុន្មាន​បាន

25 ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ ឲ្យ​បាន​ឃើញ​ស្រុក​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ផង គឺ​ជា​ស្រុក​ភ្នំ​ល្អ​នោះ ព្រម​ទាំង​ភ្នំ​ល្បាណូន​ដែរ

26 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អញ​ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ទ្រង់​មិន​ព្រម​តាម​អញ​ទេ ដោយ​ព្រះ‌បន្ទូល​ថា ណ្ហើយ កុំ​ឲ្យ​និយាយ​នឹង​អញ​ពី​រឿង​នោះ​ទៀត​ឡើយ

27 ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា​នេះ រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​ទៅ ហើយ​ពិចារណា​មើល​តែ​នឹង​ភ្នែក​របស់​ឯង​ប៉ុណ្ណោះ ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ទេ