ចោទិយ‌កថា 3:5-11 KHOV

5 អស់​ទាំង​ទី​ក្រុង​ទាំង​នោះ សុទ្ធ​តែ​មាន​បន្ទាយ​មាន​កំផែង​យ៉ាង​ខ្ពស់​ណាស់​នៅ​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ទ្វារ និង​រនុក​ផង ក៏​ចាប់​យក​ទី​ក្រុង​ឯ​ទៀត​ជា​ច្រើន ដែល​ឥត​មាន​កំផែង​ដែរ

6 យើង​បាន​រំលាង​ទី​ក្រុង​ទាំង​នោះ​អស់​រលីង​ទៅ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​រំលាង​អស់​ទាំង​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង

7 តែ​ឯ​សត្វ​ទាំង​ប៉ុន្មាន និង​របឹប​នៃ​ទី​ក្រុង​ទាំង​នោះ យើង​បាន​យក​ទុក​សំរាប់​ខ្លួន​យើង​វិញ។

8 នៅ​គ្រា​នោះ យើង​បាន​យក​ស្រុក​នោះ ពី​អំណាច​នៃ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន

9 (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

10 គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន

11 (មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។