13 ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យឯងបានថា តើអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះដែរ
14 គឺព្រះបន្ទូលនេះនៅជិតឯងណាស់ ក៏នៅក្នុងមាត់ឯង និងក្នុងចិត្តឯងផង ដើម្បីឲ្យឯងអាចប្រព្រឹត្តតាមបាន។
15 មើល នៅថ្ងៃនេះ អញបានដាក់សំញែងជីវិត និងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់ និងសេចក្ដីអាក្រក់ផង
16 ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនឹងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចំរើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯង នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ
17 ប៉ុន្តែបើចិត្តឯងបែរចេញ មិនព្រមស្តាប់តាម ក៏យល់ព្រមឲ្យគេប្រទាញនាំទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមព្រះដទៃវិញ
18 នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ
19 អញអាងដល់ស្ថានសួគ៌ និងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្ដីស្លាប់ ទាំងព្រះពរ និងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង