ចោទិយ‌កថា 31:10-16 KHOV

10 រួច​លោក​បង្គាប់​ទៅ​គេ​ថា លុះ​ដល់​ផុត​រាល់​តែ​៧​ឆ្នាំ គឺ​ក្នុង​ពេល​កំណត់​នៅ​ឆ្នាំ​ដែល​ដោះ​លែង នៅ​វេលា​បុណ្យ​បារាំ

11 កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យ‌វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា

12 ត្រូវ​ឲ្យ​ប្រមូល​បណ្តា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

13 ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង បាន​ឮ​ដែរ ហើយ​បាន​ទំលាប់​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​អស់​វេលា​ណា​ដែល​ឯង​នៅ​ក្នុង​ស្រុក ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ចាប់​យក​នោះ​នៅ​ឡើយ។

14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ​ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ និង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ

15 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។

16 ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯ​បណ្តា‌ជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ