ចោទិយ‌កថា 31:14-20 KHOV

14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ​ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ និង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ

15 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។

16 ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯ​បណ្តា‌ជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ

17 នោះ​សេចក្ដី​កំហឹង​របស់​អញ​នឹង​បាន​កាត់​ឡើង ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ រួច​អញ​នឹង​បោះ‌បង់​ចោល​គេ​ដែរ ហើយ​នឹង​គេច​មុខ​ចេញ​ពី​គេ​ទៅ នោះ​គេ​នឹង​ត្រូវ​ស៊ី​បង្ហិន ហើយ​នឹង​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​មក​លើ​យើង​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង ទ្រង់​មិន​គង់​ក្នុង​ពួក​យើង​ទេ​តើ

18 តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ

19 ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

20 ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចំរើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ