ចោទិយ‌កថា 32:22-28 KHOV

22 ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង

23 អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ

24 គេ​ឆេះ​ត្រូវ​រីងរៃ​ទៅ​ដោយ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ ហើយ​អញ​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង

25 ឯ​ខាង​ក្រៅ នោះ​ដាវ​នឹង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច ដល់​ទាំង​មនុស្ស​កំឡោះ និង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង

26 អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ

27 តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ​ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ

28 ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្ដី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។