ចោទិយ‌កថា 32:36-42 KHOV

36 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង

37 នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា

38 ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ

39 ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

40 ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ថា

41 បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក ដែល​ស្អប់​អញ​ជា​មិន​ខាន

42 អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ