40 ដ្បិតអញលើកដៃអញទៅឯស្ថានសួគ៌ ស្បថដោយនូវព្រះជន្មអញដ៏នៅអស់កល្បជានិច្ចថា
41 បើសិនជាអញសំលៀងដាវរបស់អញដ៏ភ្លឺផ្លេកៗ ហើយដៃអញចាប់កាន់សេចក្ដីយុត្តិធម៌វេលាណា នោះអញនឹងសងសឹកចំពោះពួកអ្នកដែលតតាំងនឹងអញ ហើយនឹងសងដល់ពួកអ្នក ដែលស្អប់អញជាមិនខាន
42 អញនឹងធ្វើឲ្យព្រួញអញស្រវឹងដោយឈាម ហើយឲ្យដាវអញត្របាក់ស៊ីសាច់ផង គឺដោយឈាមនៃពួកអ្នកដែលត្រូវគេសំឡាប់ព្រមទាំងពួកឈ្លើយ ចាប់តាំងពីដើមនៃការសងសឹក ដល់ពួកខ្មាំងសត្រូវជារហូតទៅ
43 ឱអស់ទាំងសាសន៍អើយ ចូរសរសើរដល់រាស្ត្រទ្រង់ចុះ ដ្បិតទ្រង់នឹងសងសឹកចំពោះឈាមពួកបាវបំរើទ្រង់ គឺនឹងសងដល់ពួកអ្នកដែលតតាំងនឹងទ្រង់ ហើយនឹងធ្វើឲ្យធួននឹងស្រុកទ្រង់ ព្រមទាំងរាស្ត្រទ្រង់ផង។
44 ម៉ូសេ ព្រមទាំងយ៉ូស្វេ ជាកូននុន ក៏មកប្រាប់អស់ទាំងពាក្យរបស់ទំនុកនេះ ដល់បណ្តាជនទាំងអស់គ្នា ឲ្យបានស្តាប់
45 កាលម៉ូសេបានប្រាប់ពាក្យទាំងនេះ ដល់សាសន៍អ៊ីស្រាអែលទាំងអស់ស្រេចហើយ
46 នោះលោកក៏មានប្រសាសន៍ថា ចូរយកចិត្តទុកដាក់នឹងពាក្យទាំងអស់ដែលអញបានប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះចុះ ដើម្បីនឹងបង្គាប់ដល់កូនចៅឯងរាល់គ្នា ឲ្យប្រយ័ត្ននឹងប្រព្រឹត្តតាមដែរ គឺជាអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ