7 ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនដំណតមក ចូរសួរឪពុកឯងចុះ គាត់នឹងសំដែងឲ្យឯងដឹង ហើយសួរពួកចាស់ទុំនៃឯងផង គេនឹងប្រាប់ដល់ឯង
8 កាលព្រះដ៏ខ្ពស់បំផុត បានចែកមរដកដល់សាសន៍ទាំងប៉ុន្មាន គឺកាលទ្រង់បានបំបែកពួកកូនចៅអ័ដាមចេញពីគ្នា នោះទ្រង់បានដាក់ព្រំប្រទល់ ឲ្យអស់ទាំងប្រជាជន តាមចំនួនអស់ពួកកូនចៅអ៊ីស្រាអែល
9 ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
10 ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់
11 ឧបមាដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង
12 ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ
13 ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង