14 នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ និងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។
15 ដូច្នេះ ចូរឯងរាល់គ្នាប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតឯងមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកឯង ពីកណ្តាលភ្លើងនៅភ្នំហោរែបនោះទេ
16 ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី
17 ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វណាដែលហើរនៅលើអាកាស
18 ឬរូបសត្វណាដែលលូនវានៅដី ឬរូបត្រីណាដែលនៅក្នុងទឹកក្តី
19 ហើយក្រែងឯងរាល់គ្នាងើបភ្នែក មើលទៅលើមេឃវេលាណាឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងរបស់ដែលមានជាបរិបូរនៅលើមេឃ នោះឯងរាល់គ្នាមានសេចក្ដីល្បួងប្រទាញចេញទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់របស់ទាំងនោះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកឲ្យគ្រប់ទាំងសាសន៍ នៅក្រោមផ្ទៃមេឃវិញ
20 តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។